Bro ម៉ៅប្រែខ្លួនពីកម្មកររោងចក្រ ក្លាយជាសេដ្ឋីទាំងវ័យក្មេងដោយសារតែ Tik Tok

បងប្អូនពិតជាស្គាល់ប្រូម៉ៅ តារា Tik Tok មុខស្ងួត តាមរយៈវីដេអូនៅលើ Tik Tok។ ឈ្មោះពិតគឺ Khabane ‘Khaby’ Lame ធ្លាប់ធ្វើការជាកម្មកររោងចក្រ តែគាត់ក៏ត្រូវបានខាងរោងចក្រ ដកចេញពីការងារ នៅខែមីនា ឆ្នាំ២០២០ ដែលធ្វើឲ្យគាត់ពិបាកចិត្តយ៉ាងខ្លាំង ដូច្នេះក៏មានគំនិត រកប្រាក់តាមអនឡាញ ដោយចាប់ផ្ដើមការធ្វើវីដេអូកំប្លែង និងយកទៅបង្ហោះលើបណ្ដាញសង្គម Tik Tok រហូតមកទល់បច្ចុប្បន្ននេះ គាត់ទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញយ៉ាងខ្លាំង ដោយមាន Follower ដល់ទៅ១០០លាននាក់ឯណោះ។

ចំពោះវីដេអូកំប្លែងរបស់គាត់នីមួយៗ គាត់មិនដែលនិយាយអ្វីមួយម៉ាត់ឡើយ ដោយគ្រាន់តែបញ្ចេញនូវសកម្មភាពងាយៗ ដែលអ្នកដទៃមានភាពលំបាក ដូចជាវីដេអូមួយ បុរសម្នាក់ជាប់អាវនៅនឹងទ្វារឡាន និងយកកន្ត្រៃមកកាត់អាវចេញ ។

តែសម្រាប់គាត់វិញ ប្រសិនបើជួបបញ្ហាដូច្នេះ គាត់មិនប្រើកន្ត្រៃកាត់ឡើយ ដោយគ្រាន់តែបើកទ្វារឡានជាការស្រេច។ ហើយនៅចុងវីដេអូ គាត់បានធ្វើមុខស្ងួត និងលើកដៃទាំងសងខាងឡើង ដែលមើលទៅជាទឹកមុខហួសចិត្ត។ យ៉ាងណាមិញ ឥឡូវនេះ គាត់អាចរកប្រាក់ចំណូលបានជាប្រចាំ ហើយគាត់នឹងទិញផ្ទះមួយខ្នងជូនម្ដាយរបស់គាត់ នៅក្នុងពេលឆាប់ៗខាងមុននេះផងដែរ៕

ប្រភព៖ khmerload

Related Posts